
TNAOT News
· 06-13
ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែឡើងវិញ
#NEW NEWS# #ប្រាសាទបន្ទាយសំរ៉ែ# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#
2546
ក្រុមការងារនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។
ប្រធានក្រុមការងារជួសជុលនាងច្រាលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី លើកឡើងថា នាងច្រាលជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូច្នេះការរៀបចំជួសជុល ពង្រឹងឡើងវិញ ជាផ្នែកមួយមានសារសំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ។ ចំពោះប្រាសាទបន្ទាយសំរ៉ែ លោក ណារី ថា នាងច្រាលមួយចំនួនធំបានបាក់បែក និងរបេះធ្លាក់ដល់ដី ដែលក្រុមការងារបស់លោក កំពុងរើស និងរៀបចំបិទបាយអរពង្រឹង និងរៀបចំដាក់នៅទីតាំងដើមវិញ។ លោកបញ្ជាក់ថា នាងច្រាលយ៉ាងហោចណាស់ជាង៣០០ នឹងត្រូវបានជួសជុល ពង្រឹងឡើងវិញ។
ដូចនៅប្រាសាទដទៃទៀតដែរ នាងច្រាលមានការបាក់បែក និងពុកផុយ ដោយសារកត្តាធម្មជាតិ និងអាយុកាល។ ចំពោះប្រាសាទបន្ទាយសំរ៉ែ នៅសេសសល់នាងច្រាលច្រើន ដោយសារមានការជួសជុល នៅសម័យដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលពេលនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់យូរទេ។
លោក ណារី បញ្ជាក់ថា ការជួសជុលលើកនេះ ក្រុមការងាររបស់លោកនឹងប្រើបាយអរបិទភ្ជាប់ រួមផ្សំនឹងឧបករណ៍ សម្ភារទំនើប នឹងអាចពង្រឹងនាងច្រាល ឱ្យឈរជាប់រឹងមាំរាប់ឆ្នាំបន្តទៀត។ លោកមានសុទិដ្ឋិនិយមថា បន្ទាប់ពីជួសជុលរួចរាល់ នឹងលើកសោភ័ណភាពប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 06-13
👍👍
- 1
ទៅកាន់