
Wow Cambodian
· 2021-10-18
ខ្មែរក្រហមរុះរើយកថ្មប្រាសាទវត្តដូនអនទៅធ្វើប្រព័ន្ធធារាសាស្ត្រ នៅពោធិ៍សាត់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
#សង្គម# #អចលនទ្រព្យ# #របបខ្មែរក្រហម# #ខេត្តពោធិ៍សាត់# #របបកម្ពុជាប្រជាធិបតេយ្យ# #ប្រាសាទវត្តដូនអន#
7457
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពួកខ្មែរក្រហមក្រៅពីសម្លាប់រង្គាលប្រជាជាតិឯងរាប់លាននាក់ ពួកនេះក៏បំផ្លិចបំផ្លាញប្រទេសជាតិកម្ពុជាធ្លាក់ដល់កម្រិតសូន្យ។ ក្រៅពីការបំផ្លាញវត្តអារាម ពួកនេះក៏បានបំផ្លាញប្រាសាទបុរាណមួយចំនួនទៀតផង។ ប្រាសាទដូនអន ដែលស្ថិតក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏ត្រូវខ្មែរក្រហមបំផ្លាញដែរ ដោយរុះរើប្រាសាទ យកថ្មទៅសង់ប្រព័ន្ធធារាសាស្ត្រ (ជីកបារាយណ៍, លើកទំនប់ និង សង់ទ្វារទឹក)។
សាក្សីរស់ មានដូចជាព្រះសង្ឃចៅអធិការវត្តប្រាសាទដូនអន អាចារ្យវត្ត ចាស់ទុំ អ៊ុំ ពូ មីង មានកំណើតនៅភូមិនេះ និង ធ្លាប់ឃើញប្រាសាទនៅមានរូបរាងខ្លះ ពិសេសធ្លាប់ឃើញក្លោងទ្វារខាងកើតនិងខាងលិចនៅឈរនៅឡើយ ក្នុងរបបសង្គមរាស្ត្រនិយម ក៏បានរៀបរាប់ប្រាប់ថា បន្ទាប់ពីថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ប្រាសាទដូនអនត្រូវរលំ និងមានសណ្ឋានថ្មរាយប៉ាយ ហើយចំនួនថ្មក៏លែងមានច្រើនដូចមុនទៀតហើយ។ លោកតាអាចារ្យវត្តក៏បានប្រាប់ដែរថា ថ្មប្រាសាទប្រហែលបាត់អស់ចំនួន៧០ភាគរយនៃថ្មប្រាសាទទាំងមូល ដែលគាត់ធ្លាប់ឃើញនៅសម័យសង្គមរាស្ត្រនិយម។


តាមរយៈសំណល់ថ្មប្រាសាទនៅសេសសល់ (មាននិងគ្មានក្បាច់) ដែលអាចបង្ហាញពីតួនាទីនៃថ្មក្នុងសំណង់ មានដូចជា កំពូលប្រាសាទ, ផ្ដែរ, ហោរជាង, សរសរពេជ្រ, សន្លឹកសីមាដែលដាក់លើកំពែងនិងដំបូលតួប្រាសាទ (ថ្មនាងច្រាលកំពែង), ថ្មចម្លាក់ចែង ឬ កញ្ចាំងចែង (ដាក់នៅតាមជ្រុងចែងកំពូល), នាគជាប់ហោរជាង និង បំណែកថ្មផ្សេងៗទៀត អាចបញ្ជាក់ថា ប្រាសាទដូនអនជាប្រាសាទមានរចនាសម្ព័ន្ធពេញលេញ តែត្រូវបំផ្លាញ ដោយការរុះរើយកថ្មទៅសង់ប្រព័ន្ធធារាសាស្ត្រពីសំណាក់ពួកខ្មែរក្រហម។
សូមជម្រាបដែរថា ប្រាសាទដូនអនកសាងក្នុងរចនាបថបាយ័ន ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ (សតវត្សទី១៣) និងមានសំណង់គូទឹកចំនួន២ជាន់ព័ទ្ធជុំវិញ ព្រមទាំងបារាយណ៍ធំមួយនៅខាងកើតប្រាសាទ៕





ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

យោបល់ទាំងអស់ (0)
គ្មានយោបល់