បង្ហោះផ្សាយ

ខ្មែរ

រាត្រីសុបិន

· 2022-07-17

ប្រលោមលោកខ្មែរ"រឿងយប់នេះថ្ងៃស្អែក"ភាគ២

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

1893

កញ្ញាភួងរជ្ជនី ឪពុកឈ្មោះភួងសុវណ្ណ ជាអធិការប៉ូលីស ម្ដាយឈ្មោះកែវធីតាជាគ្រូបង្រៀន អ្នកទាំងពីរបានលាចាកលោកបាត់ទៅហើយ ដោះគ្រោះថ្នាក់ចរាចរណ៍។រជ្ជនីកំព្រារស់នៅជាមួយជីដូនខាងម្ដាយ ជីដូននាងមានចៅតែម្នាក់គត់គឺរូបនាង ហើយលោកយាយសុភីក៏មានកូនតែមួយដែរគឺម្ដាយរជ្ជនីនេះឯង។ក្រោយពីកូនស្រីស្លាប់ទៅ លោកយាយបានយកក្មួយស្រីមេម៉ាយម្នាក់មកនៅជាមួយ គ្រាន់បានជួយថែរក្សាចៅស្រីកំព្រារបស់គាត់។ជីដូននិងម្ដាយធំរជ្ជនីស្រលាញ់នាងណាស់ គាត់ មិនមែនជាអ្នកធូរធារណាស់ណាទេ តែដោយគាត់មានចៅតែមួយ គាត់អាចផ្គត់ផ្គង់ឲ្យរជ្ជនី រៀនសូត្របានគ្រប់គ្រាន់ មានសំលៀកបំពាក់មាសពេជ្រប្រើប្រាស់ មិនចាញ់កូននាមុឺនមន្ត្រីធំៗបុ៉ន្មានឡើយ អ្វីដែលរជ្ជនីចង់បាន លោកយាយសុភីបំពេញបំណងចៅមិនឲ្យទាស់។ចំពោះរឿងដើរលេងវិញ រជ្ជនីមានសេរីភាពគ្រប់គ្រាន់ ទៅតាមចិត្តចង់ រហូតទាល់តែអ្នកជិតខាងរិះគន់ ថា"លោកយាយសុភីទំរើសចៅជ្រុល ថ្ងៃណាមួយចៅស្រីនឹងបំពេញមុខជីដូន ដោយយកប្ដីចិត្តឯងពុំខានឡើយ"ពាក្យទាំងនេះមិនធ្វើឲ្យលោកយាយព្រឺខ្លាចសោះ ព្រោះលោកយាយធ្លាប់ ទូន្មានប្រដៅដោយហ្មត់ចត់ល្អណាស់ពន្យល់ឲ្យស្គាល់អ្វីល្អអាក្រក់ទៅហើយ។

ក្នុងវ័យ១៨ឆ្នាំរជ្ជនីជាបុប្ផាក្រពុំមួយទង ដែលកំពុងពេញសំរស់ ធ្វើឲ្យកន្លងជាច្រើនចោមរោមប្រាថ្នា ចង់បានបុប្ផាជាគូគាប់ ឆ្នាំ នេះរជ្ជនីរៀននៅថ្នាកបញ្ចប់នៃវិទ្យាល័យសុីសុវត្ថិ ក្នុងការត្រៀម យកមធ្យមសិក្សាប័ត្រភាគទីពីរនេះ រជ្ជនីបានទៅរៀនបន្ថែមជា មួយមិត្តនារីជាច្រើននាក់ទៀត។នៅទីនោះ នាងបានស្គាល់បុរសម្នាក់ឈ្មោះសីហា ជានិស្សិតឆ្នាំទីពីរនៃមហាវិទ្យាល័យពាណិជ្ជសាស្រ្តជាមិត្តភក្តិនិងគ្រូនាង។បុរសនេះតែងតែទៅលួចចាំមើលនាងជារៀងរាល់ថ្ងៃល្ងាច នៅពេលនាងកំពុងរៀនមិនយូរបុ៉ន្មានដោយមានការណែនាំពីគ្រូនាងខ្លះៗ រជ្ជនីនិងសីហាក៏ បានស្គាល់និងរាប់អានគ្នាយ៉ាងស្និទ្ធ រហូតទាក់ទងតាមផ្លូវស្នេហាទៀតផង។មួយខែពីរបន្ទាប់មក លោកគ្រូនោះក៏ឈប់បង្រៀន រជ្ជនីក៏ត្រូវទៅរៀនឯវិទ្យាល័យឯកជនមួយវិញ។

ជារៀងរាល់ល្ងាច សីហាតែងទៅទទួលរជ្ជនីពីវិទ្យាល័យសុីសុវត្ថិហើយចូលទៅញុំាអីបន្តិចបន្តួច រួចក៏ជូននាងទៅរៀនពេលល្ងាច នៅឯវិទ្យាល័យឯកជនមហាសាល ក្បែររោងភាពយន្តឋានសួគ៌ឯណោះ ម៉ោង៨កន្លះយប់ ទើបគេមកទទួលនាងជូនដាក់ផ្ទះវិញ

ថ្ងៃទំនេរនិងថ្ងៃអាទិត្យ សីហាតែងមកជួយបង្ហាត់បង្ហាញសង្សារ បន្ថែមនូវវិជ្ជាខ្លះៗ ដែលនាងមិនទាន់យល់។ការទាក់ទងរបៀបនេះមានរយៈពេលជិតមួយឆ្នាំ រជ្ជនីក៏បានទទួលជោគជ័យក្នុងការប្រលង ក្រោយជាប់បាក់ឌុប នាងមិនបានបន្តការសិក្សា មហាវិទ្យាល័យណាមួយទេ គឺនាងបានចូលធ្វើការក្នុងសហគ្រាសឯកជនមួយ ក្នុងឋានៈជាលេខាធិការនីផ្នែកគណនេយ្យ។ពេលធ្វើការក៏ដូចជាពេលរៀន សីហាតែងទៅទទួលនិងជូនរជ្ជនីជានិច្ច។នៅក្បែរផ្ទះរជ្ជនីមានកូនក្រមុំគេម្នាក់ដែរជាពួកម៉ាករបស់នាងនោះជាស្រុកជាមួយសីហា នៅពេលដែលគេឃើញសីហាចុះឡើងផ្ទះរជ្ជនីញឹកញាប់ គេក៏នាំរឿងនេះទៅប្រាប់ម្ដាយឪពុកសីហាឯស្រុក។

ម្ដាយឪពុកបុរស ក៏ហៅកូនទៅស្ដីប្រដៅព្រមទាំងហាមប្រាម ឲ្យឈប់ទាក់ទងនឹងរជ្ជនីទៀត តែសីហាមិនគ្រាន់តែមិនស្ដាប់បង្គាប់ឪពុកម្ដាយបុ៉ណ្ណោះទេ ថែមទាំងយករឿងទាំងនេះ មករៀបរាប់ប្រាប់សង្សារគ្មានលាក់លៀម។

ថ្ងៃមួយមានសំបុត្រមួយមកពីស្រុក ហៅសីហាឲ្យត្រឡប់ទៅស្រុកជាប្រញាប់ព្រោះម្ដាយឈឺធ្ងន់ សីហាក៏លាសង្សារទៅមើលម្ដាយ សីហាទៅបាត់ស្រមោលប្រមាណកន្លះខែ លុះត្រឡប់មកវិញ គេលែងមកជួបនឹងនាង។រជ្ជនីឆ្ងល់នឹងបាត់យូរពេក ក៏ផ្ដាំផ្ញើតាមមិត្តភក្តិឲ្យគេមកជួននឹងនាង សីហាក៏ព្រមមកជួបសង្សារតាមបណ្ដាំ នៅពេលដែលចេញពីធ្វើការ ទាំងពីរនាក់នាំគ្នាញុំាមីហើយអង្គុយនៅតុមួយឆ្ងាយពីគេ រជ្ជនីសំលឹងមើលមុខសង្សារដោយស្ងួតហើយសួរតិចៗ៖"ម៉េចក៏បងបាត់យូរម្លេះ? តើមានរឿងអីកើតឡើងឬ?ម៉េចទៅរឿងយើង ម្ដាយបងមានថាម៉េចទេ?

សីហាតបមកសង្សារវិញទាំងមុខស្រពោន៖"ចាំញុំាហើយ ចាំនិយាយគ្នា !

ពេលនោះគេក៏លើកមីឆាមកដល់ សីហាមុខដូចជាមិនសូវស្រួលសោះ រជ្ជនីអត់មិនបានក៏បង្ខំសួរឡើងទៀត៖"បងមានរឿងអី?ឆាប់ប្រាប់អូនមក !

"ហុឺ !ពិបាកចិត្តណាស់ មិនដឹងជានិយាយប្រាប់អូនយ៉ាងម៉េចទេ?ឥចឹងហើយបានជាបងមិនមកជួបនឹងអូនហ្នឹងណា៎ !

"រឿងអី?ឆាប់និយាយភ្លាមមកបង !

"ម៉ែបង្ខំឲ្យបងរៀបការ ជាមួយក្មួយជីដូនមួយបង គេភ្ជាប់ពាក្យរួចទៅហើយ !

ឮពាក្យបែបនេះទឹកភ្នែករជ្ជនីហូរដោយមិនដឹងខ្លួន នាងសួរដោយរអាក់រអួលថា៖"ចុះបងគិតយ៉ាងម៉េចដែរ?

"បងរកគិតមិនឃើញសោះអូន ហើយឥឡូវនេះម្ដាយបងកំពុងឈឺទៀត គឺឈឺជំងឺលើសឈាម ហើយគាត់ពុំព្រមចាក់ឬពិសារថ្នាំអ្វីសោះ ប្រសិនបើបងពុំព្រមរៀបការទេ...ហុឺ !រជ្ជនី បងពុំដឹងជាគិតយ៉ាងណាទេ ម្ខាងម្ដាយជាអ្នកមានគុណ ម្ខាងអូនដែលបងស្រលាញ់ស្មើកែវភ្នែក!រជ្ជនី !សូមអូនយល់ដល់ចិត្តបងផង បងត្រូវបង្ខំចិត្តសងគុណអ្នកមានគុណសិន!ឯរឿងយើងចាំដោះស្រាយជាក្រោយ តែទោះបីយ៉ាងណាក៏បងមិនចោលអូនដែរ !

រជ្ជនីបើកភ្នែកធំៗ៖"បងចង់ថាម៉េច?បើបងរៀបការហើយ រជ្ជនីមានប្រយោជន៍អ្វីទៀតសំរាប់បង?

"បងនឹងសំពះអង្វរម្ដាយបង ឲ្យគាត់ព្រមទទួលស្គាល់អូនជាប្រពន្ធបងដែរ !

"ឥតប្រយោជន៍ទេ!ខ្ញុំមិនធ្វើប្រពន្ធចុងគេទេ !ខ្ញុំមិនចេះយកប្ដីមួយពីរនាក់ទេ !

"ធ្វើម៉េចបើយើងបានជួបគ្នាឥចឹង?

"មិនបាច់ជួបទេ !បើបងយល់ថាគេប្រសើរជាងខ្ញុំ !

រជ្ជនីនិយាយទាំងខឹងខ្លាំងណាស់ មីមួយចាននៅពីមុខនាងជ្រុំចុះជ្រុំឡើងឥតដាក់មាត់មួយមា៉តសោះ សីហាក៏អង្វរជាថ្មី៖ "ស្ដាប់បងសិនរជ្ជនី !តាមពិត បងឥតស្រលាញ់ក្មួយបងនោះទេ នេះជាគំនិតម្ដាយបងតែបុ៉ណ្ណោះ ចាស់ៗគាត់ខ្លាចបែកទ្រព្យសម្បត្តិ ចង់ទុកដាក់តែបងប្អូនឯងហ្នឹង !តែបងនៅមានរឿងមួយទៀត ដែលចង់ពិគ្រោះនឹងអូន...

"រឿងអីទៅ !

"យើងនាំគ្នារត់ !

"ទេ! មិនបានដាច់ខាត! ខ្ញុំត្រូវតែបានរៀបការ បើមិនបានរៀបការខ្ញុំមិនតាមបងឡើយ !

"ន៎ែអូន!ស្ដាប់បងឲ្យចប់សិន មិនមែនយើងរត់នៅត្រឹមស្រុកខ្មែរទេ គឺយើងរត់ទៅស្រុកបារាំងណា៎!តែអូនត្រូវទៅមុនបង កុំឲ្យគេតាមដានដឹងថាបងនាំអូនឯងរត់ !

"ខ្ញុំទៅមុន?ទៅយ៉ាងម៉េច បើខ្ញុំមិនស្គាល់នរណាម្នាក់ផង ទៅនៅឯណា?រកសុីអី?

"អូនឯងកុំឆោតពេក!អូនឯងមានបាក់ដឺ ទៅរៀនក៏បាន ហើយធ្វើការកំបុិកបុ៉កនឹងគេខ្លះទៅ ចាំបងផ្ញើលុយកាក់បន្ថែមទៅឲ្យអូនឯងចាយវាយ លុះកាលណាឱកាសល្អ បងនឹងទៅតាមអូនភ្លាម !

"បងស្មានតែងាយណាស់ទៅឬ?

"គ្មានរឿងអីពិបាកទេ !ឆ្នាំក្រោយនេះ បងប្រលងចេញហើយ!បងនឹងសុំម៉ាក់ប៉ាបង ទៅរៀនយកមុខជំនាញនៅសាលាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម គាត់មុខជាយល់ព្រមតាមបងពុំខាន !

"ចុះប្រពន្ធបង?

"អត់យកទៅទេ! ប្រាប់គាត់ថាយកប្រពន្ធទៅរៀនសូត្រយ៉ាងម៉េចកើត?ម៉េចរឿងនេះអូនយល់យ៉ាងម៉េច?បងបានរៀបចំរឿងនេះស្រេចបាច់អស់ហើយ នៅតែសួរចិត្តអូនបុ៉ណ្ណោះ ព្រោះខែក្រោយនេះ ពួកម៉ាកបងម្នាក់ត្រូវទៅរៀនស្រុកបារាំង បើអូនយល់ព្រម អូនអាចទៅជាមួយនឹងគេ បងផ្ដាំផ្ញើនឹងគេឲ្យជួយ មើលការខុសត្រូវលើអូន !រឿងរត់ការទៅនេះស្រេចលើបង អូនមានតែខ្លួនចាំចេញដំណើរចុះ !ម៉េចអូនគិតយ៉ាងម៉េច?

"ចាំខ្ញុំគិតពីរបីថ្ងៃសិន !


(និពន្ធដោយ៖អ្នកគ្រូ នន)


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់