
Novel Readers
· 2023-01-17
រឿង ស្អប់ស្រឡាញ់ក្នាញ់អាណិត ភាគទី ៧ (៧) ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
460
បូរមីមិនហ៊ានប្រកែកទេ នេះគឺជាសំណូមពររបស់ម្ចាស់ផ្ទះ !
នាងក៏ចាប់ផ្តើមច្រៀងបទ 'វាចាស្រីស' សម្លេងចម្រៀងធ្វើឱ្យលោកនិមិត្តទប់ចិត្តមិនបាន បទនេះហើយដែលលោកធ្លាប់ស្តាប់ប្រពន្ធកម្សត់ច្រៀងរាល់រាត្រី សំឡេងបូរមីមិនខុសពីសម្លេងរបស់ម្តាយនាងទេតំណក់ទឹកភ្នែកឪពុកស្រក់ចុះមកពេលដែលស្រមៃទៅដល់ស្នាមស្នេហ៍អតីតកាល ធ្វើឱ្យបូរមីស្រឡាំងកាំងមួយរំពេច !
"ហេតុអីក៏លោកអ៊ំយំទៅវិញ ?"
លោកនិមិត្តវាចាដោយក្ដុកក្ដួល៖
"បូរមីកូនស្រីប៉ា...កូនមានសំឡេងដូចម្តាយកូនកាលពីក្មេងណាស់"
សម្ដីរបស់លោកនិមិត្ត បានធ្វើឱ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលស្រឡាំងកាំងជាខ្លាំង !
"ទេ ខ្ញុំមិនយល់ទេលោកអ៊ំ ! តើលោកអ៊ំជា..."
"បូរមី ... ប៉ានេះហើយជានិមិត្តដែលម្ដាយកូនចាត់ទុកថាជាប្រុសព្រាននារីនោះ !"
ស្រីតូចលុតជង្គង់ចំពោះមុខឪពុក៖
"លោកប៉ា...កូនមិនដឹងថាប៉ាជាប៉ាម្នាក់របស់កូន កូនមានសំណាងណាស់ដែលបានមកជួបលោកប៉ាដោយចៃដន្យយ៉ាងនេះ វាពិតជាឈាមដែលរត់រកឈាមមែន កូនសប្បាយចិត្តណាស់ ចាប់ពីថ្ងៃនេះទៅកូនមានប៉ាហៅនឹងគហើយ !"
លោកប្រុសលើកដៃអង្អែលក្បាលកូនស្រី៖
"បូរមី...កូនឈប់ព្រួយទៀតទៅ ប៉ាឈប់ឱ្យកូនកំព្រាទៀតហើយ"
អ្នកស្រីអស់ពីស្រឡាំងកាំង ងាកមកសួរប្តី៖
"ជាយូរមកហើយហេតុអីក៏ប៉ាវាឯងមិនប្រាប់ឱ្យខ្ញុំដឹងផង !"
"មកពីខ្ញុំខ្លាចម៉ាក់វាឯងមិនស្រឡាញ់ មិនអនុគ្រោះដល់បូរមី តែដល់ពេលដឹងថា ម៉ាក់វាឯងស្រឡាញ់កូនបូរមីដូចជាកូនបង្កើតដែរ ខ្ញុំក៏...អឺ..."
អ្នកស្រីញញឹម៖
"ដូចខ្ញុំបាននិយាយជាមួយប៉ាវាឯងអញ្ចឹង ខ្ញុំមិនស្អប់ មួយស្រឡាញ់មួយទេ កូនឯងក៏ដូចជាកូនរបស់ខ្ញុំដែរ !"
លោកប្រុសពេញចិត្តនឹងសម្តីរបស់ភរិយាណាស់ គាត់ងាកមកនិយាយជាមួយកូនស្រី៖
"បូរមី...នេះជាម្តាយរបស់កូនហើយ ចូរកូនគោរពគេដូចជាម្ដាយបង្កើតរបស់កូនផងទៅចុះ !"
នាងងាកមកសំពះអ្នកស្រី ពេលដែលដឹងថាគាត់ត្រូវជាម្តាយចុងរបស់នាង៖
"អ្នកម៉ាក់ កូនសូមជ្រកកោនជាមួយនឹងអ្នកម៉ាក់ផង ព្រោះពីមុនកូនជាក្មេងកំព្រាតែពេលនេះកូនត្រូវក្លាយជាកូនរបស់ម៉ាក់ទៅហើយ សូមម៉ាក់មេត្តាអាណិតដល់កូនកំព្រាម្នាក់នេះផង កូនសូមនៅបម្រើម៉ាក់អស់មួយជីវិត ព្រោះកូនគ្មានម្តាយឯណានឹងហៅទៀតទេសូមម៉ាក់មេត្តាកូនផងចុះ !"
អ្នកស្រីចាប់នាងឱ្យងើបអង្គុយឡើងវិញ៖
"កូនម៉ាក់... ម៉ាក់សប្បាយចិត្តណាស់ដោយម៉ាក់មានកូនស្រីម្នាក់ប្រកបដោយចរិយាសុភាពរាបសាយ៉ាងនេះ !"
បូរិទ្ធគេឡើងមីងមាំង៖
"ម៉ាក់.. ចុះខ្ញុំត្រូវជាអ្វីនឹងបងបូរមីអ្ហា៎ម៉ាក់ ?"
អ្នកស្រីសើចនឹងកាយវិការរបស់កូនប្រុស៖
"អីក៏ល្ងង់ម្ល៉េះកូនប្រុស ពេញកំលោះទៅហើយ នៅមិនដឹងអីទៀត បូរមីត្រូវជាបងស្រីបង្កើតរបស់កូនហ្នឹងណា៎ !"
"មែនឬម៉ាក់ ? អូហ៍...តែប៉ុណ្ណេះខ្ញុំមានបងស្រីម្នាក់ទុកកាច់បងម៉ូលីហើយ ! ចាំមើលនរណាបានបងស្រីស្អាតជាង !"
ម៉ូលីសើច៖
"ទៅមកៗបូរមីជាបងប្អូននឹងខ្ញុំសោះ គួរឱ្យអាណិតដល់ព្រហ្មលិខិតមែនហ្ន៎ !"
លោកប្រុសរីករាយណាស់ ពេលដែលឃើញភរិយារបស់គាត់ស្រឡាញ់ពេញចិត្តចំពោះកូនស្រីគាត់ដូចជាកូនបង្កើតយ៉ាងនេះ លោកគិតថានេះហើយជាសុភមង្គលនៅក្នុងគ្រួសាររបស់លោក ។
និពន្ធដោយ៖ ទឹមម៉ានី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សៅនី ដាវីឌ
· 2023-01-17
😊😊😔😔
- 1
ទៅកាន់