បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

សម្តេចធិបតីជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបញ្ជាក់ពីគោលជំហររាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

#ជំហររាជរដ្ឋាភិបាលកម្ពុជា# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #ជជែកតាមទូរស័ព្ទ# #ព័ត៌មានសង្គម#

2499

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយសម្តេចបានរួមអបអរសាទរចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ 

ក្នុងឱកាសជជែកពិភាក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។

សម្តេចធិបតីបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា នឹងបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ ផងដែរ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបង្ហោះសារលើបណ្តាញសង្គមលោកថា បានភ្ជាប់ការហៅទូរស័ព្ទពាក្យជាមួយនាយករដ្ឋមន្រ្តីថៃ និងកម្ពុជា ដើម្បីបង្ហាញពីការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងបន្តតាមរយៈការចរចា និងបណ្តាញការទូតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

មិត្ត1000329922

· 06-07

ញុមគាំទ្រណាស់

  • 1
ទៅកាន់

ការណែនាំពិសេស