បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-07

រដ្ឋមន្ត្រី​​ការពារ​ជាតិ​ថៃ​អះអាង​ថា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជាមិន​ដូច​អ្វី​ដែល​​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ

#ក្រសួង​ការពារ​ជាតិ​កម្ពុជា# #ព័ត៌មាន# #រដ្ឋមន្ត្រី​​ការពារ​ជាតិ​ថៃ# #សេចក្ដី​ប្រកាស​ព័ត៌មាន# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2817

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជា-ថៃ ដោយថាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាមិនដូចអ្វីដែលបានលើកឡើងក្នុងកិច្ចប្រជុំ។

លោក Phumtham Wechayachai បានលើកឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្រ្តីការពារជាតិកម្ពុជា ព័ត៌មានមួយចំនួនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈត្រូវបាន រកឃើញថាមិនស៊ីសង្វាក់គ្នាជាមួយនឹងខ្លឹមសារនៃកិច្ចពិភាក្សា ដោយរដ្ឋមន្រ្តីការពារជាតិថៃថា សំណើដែលមានគោលបំណងកាត់បន្ថយការប្រឈមមុខដាក់គ្នា និងជំរុញសន្តិភាពត្រូវបានច្រានចោល។ ហើយមានការពង្រឹងវត្តមានយោធាដែលធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែន ជាហេតុដែលរាជរដ្ឋាភិបាលថៃបានចាត់ទុកថា ចាំបាច់ត្រូវអនុវត្តវិធានការបន្ថែម និងពង្រឹងជំហរយោធារបស់យើងឱ្យសមស្រប។

​រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបញ្ជាក់​ពី​គោល​ជំហរ​ដែល​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីថៃថា ប្រទេសថៃបដិសេធដាច់ខាតរាល់ការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនក្នុងកាលៈទេសៈណាក៏ដោយ ហើយប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការប្តេជ្ញាចិត្តការពារ និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រ។

ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃរក្សាជំហរដ៏យូរអង្វែងរបស់ខ្លួនក្នុងការមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចាប់តាំងពីឆ្នាំ១៩៦០ ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធព្រំដែនទាំងអស់តាមរយៈការចរចាទ្វេភាគីស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ដែលភាគីកម្ពុជា-ថៃ ធ្លាប់បានចុះហត្ថលេខាកន្លងមក។ គណៈកម្មការព្រំដែនរួម (JBC) គួរតែដើរតួជាយន្តការចម្បងសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្និទ្ធស្នាលនៅឱកាសដំបូងបំផុត។

ប្រទេសថៃបញ្ជាក់ជំហរមុនរបស់ខ្លួនថា កម្ពុជា-ថៃ គួរតែដកកងកម្លាំងរបស់ពួកគេទៅកាន់ទីតាំងដើមដូចដែលបានរក្សានៅឆ្នាំ២០២៤ ដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការកើនឡើងបន្ថែមទៀត។ រដ្ឋមន្រ្តីរូបនេះបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លួនថា មិនយល់ស្របនឹងសកម្មភាពណាមួយដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះទេ រដ្ឋាភិបាល និង​យោធាថៃ​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញលេញ​ក្នុង​ការ​ការពារ និង​ថែរក្សា​អធិបតេយ្យភាព​របស់​ប្រទេស​ដោយ​គ្រប់​ការចំណាយ​ទាំងអស់។

គួរបញ្ជាក់ដែរថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ដរាបណាភាគីថៃនៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចស្វែងរកចំនុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជានៅតែប្រកាន់ ស្មារតី គោរពអនុស្សារណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) រវាងប្រទេសទាំងពីរ ដូចដែលមានកន្លងមក។

ភាគីកម្ពុជាបានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង ឡាអេ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ព្រំដែននៃប្រទេសទាំងពីរ និងការពារកុំឱ្យបញ្ហាទាំងនេះក្លាយទៅជា ជម្លោះធ្ងន់ធ្ងរទៅថ្ងៃអនាគត តាមរយៈដំណោះស្រាយមួយដែលយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងផ្អែកលើ ច្បាប់អន្តរជាតិ។

ការសម្រេចចិត្តនេះបានបង្ហាញយ៉ាងច្បាស់ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាថាព្រំដែនរវាងប្រទេសទាំងពីរនៅតែជាព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏នឹងបន្តប្រើប្រាស់ យន្តការដែលមានស្រាប់ ដូចជា GBC/JBC/RBC ដើម្បីពិភាក្សាលើចំនុចដទៃទៀតនាថ្ងៃខាងមុខ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 06-07

👍👍

លី ផានី

· 06-07

😍

  • 1
ទៅកាន់

ការណែនាំពិសេស