បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-15

ឯកឧត្តម ប៉ែន បូណា៖ លិខិតរបស់កម្ពុជាទៅICJ បង្កប់រយលានអត្ថន័យបញ្ជាក់ស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ

#ប្រទេសកម្ពុជា# #បូរណភាពទឹកដី# #ICJ# #NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម#

2492

ក្នុងថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយ ដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចែករំលែកថា លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដើម្បីការពារបូរណភាពទឹកដីដូចជា៖

ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជា ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ទី៣៖ លិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។

ទី៤៖ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ នេះ គឺជាខួបទី ៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី។និងទី៥៖ ព្រឹត្តិការណ៍នេះទៀតសោតក៏សបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម័យទំនើបសម្រាប់កម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 06-17

👍👍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-15

😯😯😯

  • 1
ទៅកាន់