
phara
· 2019-08-14
ក្រៅពីទម្រង់ «ល្ខោនខោល»ខ្មែរក៏មានទម្រង់ «ល្ខោនពោលស្រី» ដែលមានលក្ខណៈស្រដៀងគ្នា តែហាក់ពុំសូវមានអ្នកស្គាល់
#ល្ខោនខោល# #ចំណេះដឹង# #អប់រំ និងការងារ#
17
«ល្ខោនពោលស្រី» ជាទម្រង់ល្ខោនមួយប្រភេទ ដែលមានការសម្តែងស្រដៀងគ្នាទៅនឹងសិល្បៈល្ខោនក្បាច់បុរាណ និងល្ខោនខោលដែរ តែទាស់ត្រង់ថា រាល់តួសម្តែងក្នុងល្ខោនប្រភេទនេះ គ្រប់តួអង្គទាំងអស់ គឺសុទ្ធតែជាស្រី សូម្បីតួអង្គប្រុសក៏ដោយ។
សិល្បការិនី អ្នកសម្តែងទាំងអស់ សុទ្ធតែត្រូវរាំច្រៀង ឬនិយាយខ្លួនឯងទាំងអស់ ដែលពាក្យបច្ចេកទេសនៅក្នុងទម្រង់នេះ និយមហៅថា «ច្រៀងឯង រាំឯង» ។ ឯកសារបានបញ្ជាក់ថា ល្ខោនពោលស្រី គឺជាកូនបង្កើតរបស់ល្ខោនព្រះរាជទ្រព្យ។ ទម្រង់ល្ខោននេះ មានអ្នកគ្រូម្នាក់ ឬតាម្នាក់ជាអ្នកពោល កាត់កងឆាក ។ ល្ខោននេះ ជាទម្រង់ល្ខោនបែបរាប់រឿង មានចរិតលក្ខណៈប្រពៃណីខ្មែរសុទ្ធសាធ ។ យ៉ាងណាក៏ដោយ ពុំមានឯកសារណាអាចបញ្ជាក់ច្បាស់អំពី ប្រភព កាលបរិច្ឆេទកំណើត ឬការវិវឌ្ឍន៍នៃទម្រង់នេះឡើយ ដោយអាចសន្និដ្ឋានត្រឹមថា អាចនឹងកើតក្នុងរជ្ជកាលបួនផ្សេងគ្នា …
ល្ខោនពោលស្រី គឺជាទម្រង់ល្ខោនច្រៀងរាំបុរាណមួយ ដែលមានលក្ខណៈស្រដៀងគ្នានឹងសិល្បៈល្ខោនក្បាច់បុរាណ និងល្ខោនខោលដែរ ទាំងតន្ត្រីប្រគុំជូនល្ខោន ទាំងសំលៀកបំពាក់ សំពត់អាវស្បៃ មកុដ ក្បាំង ប្រដាប់ដៃជើង និងអ្នកសម្តែង គឺសុទ្ធតែស្រីទាំងអស់ សូម្បីតែតួអង្គប្រុសក៏ដោយ។
ប៉ុន្តែ បើយើងពិនិត្យលើរបៀបសម្តែងវិញ យើងសង្កេតឃើញថា មានភាពខុសគ្នាឆ្ងាយពីទម្រង់ល្ខោនបុរាណ ឬល្ខោនព្រះរាជទ្រព្យខ្មែរ ព្រោះល្ខោនក្បាច់បុរាណខ្មែរ ដែលមានតួសុទ្ធតែស្រីៗ បញ្ចេញតែកាយវិការដ៏ទន់ភ្លន់ ប្រណីតទៅតាមទំនុកចម្រៀងរបស់ក្រុមអ្នកច្រៀងជាពួក មិនមាននិយាយ ឬច្រៀងខ្លួនឯងឡើយ។
ផ្ទុយទៅវិញ នៅក្នុងទម្រង់ល្ខោនពោលស្រី ដែលក្បាច់បាតយកតាមលំអាន ល្ខោនក្បាច់បុរាណខ្មែរ ឬល្ខោនព្រះរាជទ្រព្យនោះ ក្រៅពីពាក្យពោលដែលរៀបរាប់សាច់រឿង ឬកាត់កងឆាក ដោយអ្នកពោលស្រី សិល្បការិនី អ្នកសម្តែង ទាំងតួអង្គប្រុស សុទ្ធតែត្រូវរាំច្រៀង ឬនិយាយខ្លួនឯងទាំងអស់ ដែលពាក្យបច្ចេកទេសនៅក្នុងទម្រង់នេះ និយមហៅថា «ច្រៀងឯងរាំឯង»។ ឯតួអង្គដែលពាក់មុខដូចជាយក្ស ស្វា ឥសី ។ល។ ពេលត្រូវនិយាយ គឺត្រូវបង្ហើបមុខរុញឡើងលើ ហើយនិយាយ។ លក្ខណៈនេះ យើងឃើញមានភាពដូចគ្នាបេះបិទ និងទម្រង់សិល្បៈយីកេ ដែលសម្តែងរឿងបុរាណៗ ដែលមានតួយក្ស តួស្វា តួគ្រុឌជាដើមនោះ។ ឯសិល្បករប្រុសៗ អាចដើរតួជាឥសីត្លុកកំប្លែង និងតួអង្គសត្វផ្សេងៗដូចជាសេះជាដើម។
យោងតាមសៀវភៅទស្សនីយភាពខ្មែរបោះពុម្ពឆ្នាំ២០០៣បានបញ្ជាក់ថា ពុំមានប្រភពច្បាស់ការណ៍អាចបញ្ជាក់ពី ប្រភព កាលបរិច្ឆេទកំណើត និងការវិវឌ្ឍន៍របស់ទម្រង់ល្ខោនពោលស្រីនេះទេ ប៉ុន្តែ បើតាមការសង្កេតឃើញថា ទម្រង់នេះ មានតែនៅក្នុងស្រុកខ្លះៗនៃខេត្តកណ្តាល ដូចជាស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាលប៉ុណ្ណោះ ហើយបើតាមព័ត៌មានខ្លះៗ ដែលក្រុមអ្នកស្រាវជ្រាវបានទទួល យើងអាចសន្និដ្ឋានបណ្តោះអាសន្នថា ល្ខោនពោលស្រីនេះ គឺជាកូនបង្កើតរបស់ល្ខោនព្រះរាជទ្រព្យ។
ស្របតាមការសន្និដ្ឋាន ល្ខោនពោលស្រី អាចនឹងចាប់កំណើតនៅក្នុងរជ្ជកាល៤ផ្សេងគ្នា។
ទី១. អាចកើតមានឡើងក្នុងសម័យលង្វែក ពិសេសក្នុងរជ្ជកាលព្រះបរម ខន្តិយាមហាច័ន្ទរាជា (១៥១៦-១៥៦៦) ព្រោះឯកសារមួយចំនួនបានឱ្យដឹងថា ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយកិត្យានុភាព និងមានព្រះកិត្តិយសក្រអូបនៅក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា ។ ព្រះអង្គទ្រង់រាជ្យប្រកបដោយទសពិធរាជធម៌ ព្រះអង្គទ្រង់បានប្រមូល និងសំរិតសំរាំងអស់អ្នកប្រាជ្ញរាជបណ្ឌិត ទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ព្រមទាំងគម្ពីរ ដីកា ក្រាំង សាស្ត្រា ឯកសារទាំងអស់ទុកជាគ្រឹះព្រះនគរ ហើយទ្រង់បានលើកតម្កើងការកសាងវប្បធម៌ជាតិ មានចាត់ឱ្យហាត់ល្ខោនប្រុស ល្ខោនស្រី ចម្រៀង តូរ្យតន្ត្រីសព្វបែបយ៉ាងសម្រាប់ជាព្រះឥស្សរិយយសជាដើមផង។
ទី២. ល្ខោនពោលស្រី អាចកើតមាននៅក្នុងរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ (១៦០៣-១៦១៨) ដែលទ្រង់សោយរាជ្យនៅរាជវាំងកោះស្លាកែត (សព្វថ្ងៃ ហៅកោះនរា) ស្រុកព្រៃល្វាផ្អែម គឺស្រុកល្វាឯម ដែលស្ថិតមិនឆ្ងាយប៉ុន្មាន ពីស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាល ដែលមានក្រុមសិល្បៈល្ខោនពោលស្រីសព្វថ្ងៃ។
ទី៣. ទម្រង់ល្ខោនពោលស្រី អាចកើតមាននៅក្នុងសម័យ ព្រះរាជសម្ភារពញាតូ (១៦២៩-១៦៣៤) ដែលជាព្រះមហាក្សត្រមួយអង្គ ទ្រង់ជក់ព្រះទ័យក្នុងវិស័យអក្សរសាស្ត្រណាស់ ហើយដែលពីដំបូង ទ្រង់គង់នៅរាជធានីឧត្តុង្គ រួចព្រះអង្គទ្រង់យាងចេញពីរាជធានីឧត្តុង្គនេះ ទៅគង់នៅវាំងកោះឃ្លោក (សព្វថ្ងៃ ហៅកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល) ដើម្បីនិងបំពេញកិច្ចខាងអក្សរសាស្ត្រ ដែលប្រហែលជា ទ្រង់នាំទាំងក្រុមសិល្បៈល្ខោនពោលស្រីនេះ មកជាមួយផង ដោយទុកកិច្ចការផែនដីថ្វាយព្រះឧទ័យ ជាព្រះបិតុលា គឺឪពុកមាងារជាឧបរាជឱ្យគង់នៅរាជធានី ឧត្តុង្គមើលកិច្ចការជំនួស ។ ហើយប្រហែលជាមានគ្រូល្ខោនពោលស្រីដែលសេសសល់ពីរាជវាំងកោះឃ្លោកនោះមក ហើយដែលមកបន្តបង្រៀនក្រុមល្ខោនពោលស្រីនៅកៀនស្វាយ ដែលយើងឃើញមានវត្តមានរហូតដល់សព្វថ្ងៃនេះ។
និងការសន្និដ្ឋានទី៤. ទម្រង់ល្ខោនពោលស្រីនេះ អាចកើតមាននៅក្នុងរាជក្សត្រអង្គម៉ី (១៨៣៣-១៨៤០) ដែលគង់នៅរាជវាំង កោះស្លាកែត ជិតស្រុកកៀនស្វាយ ក្នុងខេត្តកណ្តាលនេះឯង។
បន្ថែមទៅលើនេះ បើយោងតាមសៀវភៅមួយនិយាយអំពីមរតកវប្បធម៌អរូបិយ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បោះពុម្ពឆ្នាំ២០១៧ ត្រង់ទំព័រ១២១ បានបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៨៧៨ មានសិល្បករម្នាក់ឈ្មោះជិន ជាគ្រូល្ខោនធំមកពីកោះឧកញ៉ាតី បានទៅបង្ហាត់បង្រៀនក្បាច់ល្ខោនពោលស្រី នៅវត្តកៀនស្វាយក្រៅ ខេត្តកណ្តាល។
សព្វថ្ងៃនេះ សិស្សជំនិតរបស់គាត់ គឺលោកយាយជា មុត អាយុ៧០ឆ្នាំ ដែលជាតួឯកល្ខោនពោលស្រីកាលសម័យនោះ បានបង្រៀនល្ខោននេះឡើងវិញ នៅវត្តកៀនស្វាយក្រៅ បន្ទាប់ពីឈប់សម្តែងអស់រយៈពេលជាង៤០ឆ្នាំ ។ ល្ខោនពោលស្រីរឿង «ជ័យសែន» ក្រុមវត្តកៀនស្វាយក្រៅ បានសម្តែងនៅសាលចតុម្មុខកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៩ ក្រោមការឧបត្ថម្ភពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ។
ល្ខោននេះ ត្រូវបានធ្វើឱ្យរស់ឡើងវិញ ដោយសារការជួយជ្រោមជ្រែងរបស់សាស្ត្រាចារ្យ ពេជ្រ ទុំក្រវ៉ិល, សាស្ត្រាចារ្យ ហង្ស សុត, លោក ចិន្ត នាគ, លោក សុខ សំអឿន, អ្នកគ្រូ ប៉ែន សុខជា, អ្នកគ្រូ ហ៊ុល ភឿនណារី និងលោក អ៊ាង គឹមអ៊រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (18)
មិត្ត49256714
· 2020-06-10
😊😊
Yorng Sa Rith
· 2020-06-06
😃🤣
Sokpheuy production
· 2020-06-05
អរគុណសម្រាប់ការចែករំលែកកុំអីខ្ញុំអត់ស្គាល់ទេ😍
មិត្ត162893670
· 2020-06-04
wow
ស្រី មីុ 172856
· 2020-06-04
😍😍😍
Sok Kea ID 096 29
· 2020-06-01
បាត់មួយម្តងបន្តិចៗហើយ
IDបុប្ផា77517514
· 2020-06-01
😘😘😘😘
Sok Kea ID 096 29
· 2020-05-26
😭😭😭
មិត្ត290933139
· 2020-05-26
😁😁
ID77152272
· 2020-05-25
😊
មិត្ត987642345
· 2020-05-25
,🇰🇭🇰🇭🇰🇭🇰🇭🇰🇭
មិត្ត446985617
· 2020-05-24
😮😮😮
lovekhmer1986
· 2020-05-24
😔😔😔
ប្រុសព្រាន
· 2020-05-24
👍👍👍👍👍
YOUK NANN
· 2020-05-23
Cambodia 🇰🇭
- 1
- 2
ទៅកាន់