បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2021-08-30

រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ផ្ដើមគ្រប់គ្រងកំពង់ផែ ស៊ូ ជីង បណ្តោះអាសន្ន

#កំពង់ផែ ស៊ូ ជីង# #សង្គម# #អភិបាលខេត្តសៀមរាប# #ទៀ សីហា# #នយោបាយជាតិ#

9053

លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង​មន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំង​កំពង់ផែ ស៊ូ ជីង។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប

ដោយ: ញឹក ស្រីល័ក្ខ (Nhek Sreyleak)

ភ្នំពេញ៖ កំពង់ផែក្រុមហ៊ុន ស៊ូ ជីង ត្រូវបានរដ្ឋាភិបាលដកហូត មកឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងការគ្រប់គ្រងជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្ត នឹងរៀបចំលើបញ្ហាអនាម័យ និងសណ្ដាប់ធ្នាប់ជាមុនសិន ដើម្បីសម្រួលដល់ការលំបាករបស់ប្រជានេសាទ និងភ្ញៀវទេសចរ។

សូមស្តាប់ប្រសាសន៍របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ខាងក្រោម៖

កាលពីថ្ងៃទី២៧ សីហា លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងកំពង់ផែ ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងបេសកកម្មចុះពិនិត្យទីតាំងកំពង់ផែ ស៊ូ ជីង ក្រុមការងារចម្រុះ សម្រេចដកហូតទីតាំងទាំងមូល ដោយបានបិទ និងហ៊ុំព័ទ្ធអគាររបស់ក្រុមហ៊ុនចំនួន ២អគារ ដែលជាទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និងរោងយានដ្ឋានជួសជុលគ្រឿងចក្ររបស់ក្រុមហ៊ុន។

ក្រៅពីបិទ និងហ៊ុំព័ទ្ធទីតាំងកំពង់ផែខាងលើ រដ្ឋបាលខេត្តសៀមរាប មិនអនុញ្ញាតឱ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងកំពង់ផែឡើយ ជាពិសេសសន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចំនួន៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ។ ជាមួយគ្នានេះ ក្រុមការងារចម្រុះ បានបញ្ជាឱ្យសន្តិសុខទាំងនោះ ចាកចេញពីកំពង់ផែ ដែលរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានគ្រប់គ្រងជាបណ្ដោះអាសន្ន។ 

ទូកទេសចរណ៍ នាកំពង់ផែ ស៊ូ ជីង។ រូបភាពពី​រដ្ឋបាលខេត្ត​សៀមរាប 

បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងដំណាក់កាលចាប់ផ្ដើមនេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ កំពុងសិក្សាជំហានដំបូង ក្នុងការគ្រប់គ្រងទាំងកំពង់ផែ ទាំងការអំណោយផលដល់ប្រជានេសាទ និងភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយផលលំបាករបស់ប្រជានេសាទ និងការចុះ-ឡើងទូករបស់ភ្ញៀវទេសចរ រដ្ឋបាលខេត្តសៀមរាប នឹងផ្ដោតលើការរៀបចំបញ្ហាអនាម័យ និងសណ្ដាប់ធ្នាប់ឡើងវិញ។ 

អភិបាលខេត្តសៀមរាបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ផលប្រយោជន៍ដែលពលរដ្ឋទទួលបាន ខ្ញុំគិតថាបើសិនយើងរៀបចំឱ្យបានល្អ ប្រជានេសាទ នឹងមានកន្លែងចុះទូក និងកន្លែងលក់ដូរល្អប្រសើរ ដែលមានអនាម័យ និងសណ្ដាប់ធ្នាប់។ មួយទៀត រៀបចំកំពង់ផែឱ្យមានការទទួលសេវាកម្មល្អ ជាងមុន ទាំងអនាម័យ និងសេវាកម្មជូនដល់ភ្ញៀវទេសចរ។ ខ្ញុំជឿជាក់ថាចំណូលទាំងនេះ នឹងបានទៅដល់សមាគមទូក ក៏ដូចជាប្រជានេសាទ ក្នុងការរៀបចំការងារ និងបង្កើនចំណូលដល់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរជាងមុន»។

ដោយឡែក ចំពោះបញ្ហាបង់ប្រាក់ផ្សេងៗ ដែលកំពង់ផែបានយកនាពេលកន្លងទៅ រដ្ឋបាលខេត្តសៀមរាប នឹងមិនគិតប្រាក់លើសេវាអ្វីទាំងអស់ ក្នុងពេលគ្រប់គ្រងបណ្ដោះអាសន្ននេះ។ លោក ទៀ សីហា បន្តថា រដ្ឋបាលខេត្តសៀមរាប ក៏នឹងរៀបចំកន្លែងលក់ដូរជាបណ្ដោះអាសន្នជូនប្រជានេសាទដែលនៅខាងក្រោម បន្ទាប់ពីទឹកឡើង។ លើសពីនេះ បញ្ហាទឹកភ្លើង ដែលកំពង់ផែ ចែកចាយដល់ពលរដ្ឋក្នុងតំបន់នេះនាពេលកន្លងទៅ រដ្ឋបាលខេត្ត ក៏បានសហការជាមួយអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ដើម្បីរៀបចំបណ្ដាញឡើងវិញ។ 

ប្រជាពលរដ្ឋរស់នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប 

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ទៀ សីហា សង្ឃឹមថា នឹងអាចធ្វើបានល្អជាងមុន។ លោក បន្ថែមថា ប្រជានេសាទ និងពលរដ្ឋក្នុងតំបន់ចុងឃ្នៀស សាទរចំពោះរដ្ឋាភិបាលដែលបានដកហូតកំពង់ផែ ស៊ូ ជីង ឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រង។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុន ឱ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។ លើសពីនេះ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ផ្ដើមគ្រប់គ្រងកំពង់ផែ ស៊ូ ជីង បណ្តោះអាសន្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់