
Harbor Property
· 2022-10-08
មកស្គាល់សាកលវិទ្យាល័យរដ្ឋល្បីៗទាំង ៨ នៅកម្ពុជា
#ប្រទេសកម្ពុជា# #សាកលវិទ្យាល័យរដ្ធ# #សង្គម# #ព័ត៌មានសង្គម#
3650
ក្រោយចប់ថ្នាក់វិទ្យាល័យ ឬមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សត្រូវបន្តចូលថ្នាក់ឧត្ដមសិក្សា ដែលជាស្ពានឈានទៅការសម្រេចចិត្តក្ដីសុបិនរបស់យើងម្នាក់ថាចង់ក្លាយទៅជាអ្វី ឬចាប់ជំនាញណាមួយពិតប្រាកដ ដើម្បីកសាងអនាគត។
បើតាមក្រសួងអប់រំយុវជននិងកីឡា ត្រឹមឆ្នាំ២០២១ មានគ្រឹះស្ថានឧត្ដមសិក្សាសរុបចំនួន ១២៨ កន្លែងនៅទូទាំងប្រទេស ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមានចំនួន ៤៨ និងឯកជនចំនួន ៨០ ដែលកំពុងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។
ដោយឡែកថ្ងៃនេះ Harbor Property ចង់ណែនាំអ្នកទាំងអស់គ្នាឱ្យមកស្គាល់សាកលវិទ្យាល័យរដ្ឋដែលបានបណ្ដុះបណ្ដាលមនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ចំនួន ៨ នៅក្នុងរាជធានីភ្នំពេញ។
១. សាកលវិទ្យាភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬ RUPP ជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦២ ក្រោមទឹកប្រាក់ចំណាយសរុបចំនួនប្រមាណ ២១០ លានរៀល និងដាក់ដាក់សម្ពោធជាផ្លូវការ ០៨ វិច្ឆិកា ឆ្នាំ ១៩៦៨ ហៅឈ្មោះថា «សាកលវិទ្យាល័យសង្គមរាស្ត្រនិយម» ប៉ុន្តែបានផ្លាស់ប្ដូរឈ្មោះមកជា «សាកលវិទ្យាល័យភ្នំពេញ» វិញ នៅក្នុងរបបសាធារណរដ្ឋខ្មែរ។

រូបភាព៖ VOA
រីឯអាគារដំបូកទូក នៅខាងមុខអាគារភូមិន្ទភ្នំពេញវិញ មានទំហំផ្ទៃក្រឡា ១៨៥០ម៉ែត្រការ៉េ ជាមួយបណ្ដោយ ៤០ ម៉ែត្រការ៉េ។
សាកលវិទ្យាល័យភ្នំពេញ មានមហាវិទ្យាល័យចំនួន ៥ រួមមាន មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យអប់រំ និង មហាវិទ្យាល័យវិស្វកម្ម អមមកជាមួយវិទ្យាស្ថានភាសាបរទេសចំនួនមួយផងដែរ។
២. វិទ្យាស្ថានភាសាបរទេស
វិទ្យាស្ថានភាសាបរទេស ឬ IFL ដែលកាលពីមុនមានឈ្មោះថា សាលាគរុវិជ្ជាជាន់ខ្ពស់ កសាងឡើងនៅឆ្នាំ ១៩៦៩ ដែលជាស្នាដៃស្ថាប័ត្យកម្មចុងក្រោយរបស់កំពូលស្ថាប័ត្យករ វណ្ណ ម៉ូលីវណ្ណ និងបានដាក់សម្ពោធឱ្យប្រើប្រាស់នៅក្នុង ១៩៧២។

វិទ្យាស្ថានភាសាបរទេស មានថ្នាក់បរិញ្ញាប័ត្រដូចជា បរិញ្ញាបត្រភាសាអង់គ្លេស បរិញ្ញាបត្រអប់រំ បរិញ្ញាបត្រសិក្សាអន្តរជាតិ បរិញ្ញាបត្រភាសាបារាំង បរិញ្ញាបត្រភាសាជប៉ុន បរិញ្ញាបត្រភាសាកូរ៉េ បរិញ្ញាបត្រភាសាចិន បរិញ្ញាបត្រភាសាថៃ។ ហើយថ្មីៗនេះ វិទ្យាស្ថានភាសាបរទេស ក៏បានត្រៀម បញ្ចូលបរិញ្ញាបត្រភាសាចំនួនពីរទៀតផងដែរ គឺភាសាវៀតណាម និងភាសាតួកគី។
៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ ហៅកាត់ សាលាតិកណូ កសាងឡើងនៅក្នុងអំឡុងឆ្នាំ ១៩៦២ នៅលើផ្ទៃដី ១០ហិកតា ដែលជាកិច្ចព្រមព្រៀងរវាង ព្រះបាទនរោត្ដម សីហនុ និងនាយករដ្ឋមន្ត្រីសហភាពសូវៀត។ វិទ្យាស្ថាននេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ កញ្ញា ១៩៦៤ ដែលមានឈ្មោះថា «វិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់មិត្តភាព ខ្មែរ-សូវៀត និងបានផ្លូវប្ដូរឈ្មោះមកជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ១៩៩៤ មកទល់នឹងពេលបច្ចុប្បន្ន។


វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានកម្មវិធីសម្រាប់សិក្សាកម្រិតសិក្សា សញ្ញាបត្របច្ចេកទេស ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្ដមសិក្សារួមមាន វិស្វកម្មស៊ីវិល ស្ថាបត្យកម្មថាមពល គីមីនិងចំណីអាហារ អគ្គិសនី ធនធានរ៉ែ និងភូគព្ភសាស្រ្ត ព័ត៌មានទំនាក់ទំនង ឧស្សាហកម្មនិងមេកានិច ឧតុនិយមនិងធនធានទឹក ទូរគមនាគមន៍ និងតបណ្ដាញជាដើម។
៤. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬ ដែលយើងស្គាល់ថា សាលាក្រហម បង្កើតឡើងដំបូងនៅថ្ងៃទី ០៦ មករា ឆ្នាំ ១៩៤៦ ដែលមានឈ្មោះថា «សាលាមន្ត្រីសុខាភិបាល និងជំនួយការវេជ្ជសាស្ត្រសង្គមកម្ពុជា» ដែលជាស្ថាបត្យកម្មរបស់ ស្ថាបត្យករលោក អង់ដ្រេ ឡឺរ៉យ (André Leroy) និងបានប្ដូរឈ្មោះមកជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ ១៩៩៧ មកទល់នឹងពេលបច្ចុប្បន្នវិញ។


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានមហាវិទ្យាល័យចំនួនបី គឺមហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាល័យទន្តវទនសាស្ត្រ និងមហាវិទ្យាល័យឱសថសាស្ត្រ។
៥. សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលពីដើមឡើយជាវិទ្យាស្ថានជាតិច្បាប់ នយោបាយនិងសេដ្ឋកិច្ច បង្កើតឡើងនៅឆ្នាំ ១៩៤៩ ដែលជាវិទ្យាស្ថានថ្នាក់ក្រោយមធ្យមសិក្សាដំបូងបង្អស់នៅកម្ពុជា។ នៅឆ្នាំ ១៩៥៧ វិទ្យាស្ថាននេះបានប្រែក្លាយទៅជា មហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅឆ្នាំ ២០០៣ មហាវិទ្យាល័យនេះ បានប្រែក្លាយជា «សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច»។

សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាន ៤ មហាវិទ្យាល័យរួមមាន មហាវិទ្យាល័យនីតិសាស្ត្រ មហាវិទ្យាល័យរដ្ឋបាលសាធារណៈ មហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រង និងមហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យា។
៦. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលារចនា បង្កើតឡើងនៅថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩១៧ និងបានពង្រីកខ្លួនទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥ ដែលមានសាកលវិទ្យាធិការដំបូង គឺលោក វណ្ណ ម៉ូលីវណ្ណ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ធំៗ រួមមាន មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាប័ត្យកម្ម មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។
៧. សាកលវិទ្យាល័យភូមិន្ទកសិកម្ម
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បង្កើតឡើងនៅថ្ងៃទី ២១ មីនា ឆ្នាំ១៩៦១ និងដាក់សម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦៤ ដែលមានឈ្មោះដំបូងហៅថា «សាកលវិទ្យាល័យភូមិន្ទវិទ្យាសាស្ត្រក្សេត្រសាស្ត្រ» ដោយស្ថាបត្យករពីររូបគឺលោក ឡឺរយ និងម៉ងដេត ហើយនៅឆ្នាំ ១៩៩៤ បានផ្លាស់ប្ដូរមកជា «សាកលវិទ្យាល័យភូមិន្ទកសិកម្ម» មកទល់ពេលបច្ចុប្បន្ន។

សាកលវិទ្យាល័យភូមិន្ទកសិកម្ម មានមហាវិទ្យាល័យចំនួន ១០ រួមមាន មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម មហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ មហាវិទ្យាល័យវិទ្យាសាស្រ្តព្រៃឈើ មហាវិទ្យាល័យវិទ្យាសាស្រ្តជលផល មហាវិទ្យាល័យវិស្វកម្មកសិកម្ម មហាវិទ្យាល័យកសិឧស្សាហកម្ម មហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាល មហាវិទ្យាល័យវិទ្យាសាស្រ្តកៅស៊ូ និង មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
៨. សាកលវិទ្យាល័យជាតិគ្រប់គ្រង
សាកលវិទ្យាល័យជាតិគ្រប់គ្រង បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៣ ដេលមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយនៅឆ្នាំ ១៩៩៤ បានប្ដូរឈ្មោះមកជា មហាវិទ្យាល័យពាណិជ្ជកម្ម រហូតដល់ឆ្នាំ ១៩៩៨ ក៏បានផ្លាស់ប្ដូរមកជា វិទ្យាស្ថានជាតិគ្រង់គ្រប់ ឬគេតែងតែហៅកាត់ថា សាលានីមៗជាដើម។ ប៉ុន្តែនៅ ២០០៤ វិទ្យាស្ថាននេះ បានផ្លាស់ប្ដូរទៅជា សាកលវិទ្យាល័យជាតិគ្រប់គ្រង។

សាកលវិទ្យាល័យជាតិគ្រប់គ្រង មានមហាវិទ្យាល័យធំៗចំនួន ៦រួមមាន មហាវិទ្យាល័យគ្រប់គ្រង មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច មហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តព័ត៌មានវិទ្យា និងមហាវិទ្យាល័យគណនេយ្យ និងហិរញ្ញវត្ថុ។
គួររំលឹកដែរថា បច្ចុប្បន្នសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាសមាជិកនៃបណ្តាញសាកលវិទ្យាល័យពាណិជ្ជកម្មពិភពលោក (Global Business School Network, GBSN)ផងដែរ។
អត្ថបទស្រាវជ្រាវ និងសំណេរដកស្រង់ចេញពី៖
១. សៀវភៅ «កម្ពុជាកន្លះសតវត្សន៍ មុននិងក្រោយ»
២. គេហទំព័រសាកលវិទ្យាល័យតិកណូ ភូមិន្ទភ្នំពេញ
៣. គេហទំព័រ AMS
៤. ក្រសួងអប់រំ យុវជន និងកីឡា
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖ Hotline: 096 7876 902 (Telegram)/ 066 886 633, WeChat: HB06688663
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)